របាយការណ៍៖ អង្គភាពព័ត៌មានធំៗចំនួន ៣ បានរងការវាយប្រហារក្នុងបណ្តាញសង្គម
របាយការណ៍ថ្មីដែលចងក្រងដោយអ្នកជំនាញផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ បានរកឃើញថា អង្គភាពព័ត៌មានចំនួន ៣ ដែលគេដឹងថាមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា គឺវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ (RFA Khmer) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងសារព័ត៌មាន The Cambodia Daily Khmer បានរងការវាយប្រហារជាមួយនឹងសារដែលមានលក្ខណៈស្អប់ខ្ពើមក្នុងបណ្តាញសង្គមហ្វេសប៊ុក។ បើតាមរបាយការណ៍ដដែល ការវាយប្រហារដោយប្រើប្រាស់សារនៅលើបណ្តាញសង្គមកើតមាននៅពេលផ្សាយផ្ទាល់ព័ត៌មានទូទៅ ឬក៏ប្រធានបទរសើបៗ ដូចជាករណីវិវាទទិញលក់អចលនវត្ថុរបស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា។
