បារាំង៖ តួអេហ៊្វែលបើកទ្វារឡើងវិញ ក្រោយកូដកម្មរបស់បុគ្គលិកប្រឆាំងនឹងការរើសអើងលើបុគ្គលិកភេទស្រី
រឿងអាស្រូវមួយបានផ្ទុះឡើងនៅតួអេហ្វ៊ែល ដែលជានិម្មិតរូបទីក្រុងប៉ារីសប្រទេសបារាំង។ ក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មតួអេហ្វ៊ែលបានសម្រេចដកបុគ្គលិកភេទស្រីចេញទៅតាមការស្នើសុំរបស់គណៈប្រតិភូឥណ្ឌានិកាយសាសនាហិណ្ឌូដ៏មានឥទ្ធិពលមួយក្រុមដែលបានចូលទស្សនាតួអេហ្វ៊ែលកាលពីថ្ងៃសៅរ៍ ទី៥ កញ្ញាចុងសប្តាហ៍កន្លងទៅ។ ថ្ងៃចន្ទ ទី៧ កញ្ញាម្សិលមិញ ក្រុមបុគ្គលិកបម្រើការនៅតួអេហ្វ៊ែលបានធ្វើកូដកម្មប្រឆាំងនឹងការសម្រេចដែលពួកគេចាត់ទុកថាមានលក្ខណៈរើសអើងទៅលើមនុស្សស្រី។ ថ្ងៃអង្គារ ទី៨ កញ្ញានេះ តួអេហ្វ៊ែលបានបើកដំណើរការធម្មតាឡើងវិញ តែរឿងអាស្រូវមួយនេះបានបន្តឥទ្ធិពលដោយមានការទាមទារឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅមួយ។
