កម្មករនៅខេត្តពោធិ៍សាត់បិទផ្លូវជាតិលេខ៥ ដើម្បីប្រឆាំងនឹងការរំលោភសិទ្ធិការងារ
នៅព្រឹកថ្ងៃទី៨ កញ្ញានេះ កម្មករជាច្រើនរយនាក់នៅរោងចក្រលានហ្វាហេងយូ និងរោងចក្រប៉ូលស្តាបានចេញមុខតវ៉ាជំទាស់នឹងទង្វើអសីលធម៌របស់ប្រធានរដ្ឋបាលរោងចក្រមា្នក់គឺ លោក ផុង សុខា ដោយការបិទកំណាត់ផ្លូវជាតិលេខ ៥ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងបានទាមទារឲ្យលោក ផុង សុខា លាឈប់ពីការងារ។ តែក្រោយមក និងដោយមានការចុះទៅជួយសម្របសម្រួលពីមន្រ្តីជំនាញរបស់ក្រសួងការងារ ប្រធានរដ្ឋបាលរោងចក្រ លោក ផុង សុខា ក៏បានយល់ព្រមលាឈប់ពីការងារ ហើយក្រុមកម្មករក៏បានសម្រេចបើកផ្លូវឲ្យមានចរាចរណ៍ឡើងវិញ។ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី៨ កញ្ញានេះថា ក្រោយការដាក់ពាក្យសុំលាឈប់ពីការងាររបស់លោក ផុង សុខា កម្មករបានសម្រេចត្រឡប់ចូលធ្វើការវិញនៅថ្ងៃពុធ ទី៩ កញ្ញា៕
