កសិករនៅឃុំវាលខេត្តកំពង់ស្ពឺ បារម្ភពីការខាតបង់ និងខ្វះស្បៀង ដោយសារគ្រោះរាំងស្ងួត
បាតុភូតរាំងស្ងួត កូនរដូវប្រាំងឆ្នាំ២០២៦ កំពុងយាយីស្រូវវស្សាចំនួន ១៤០០ហិកតានៅឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ។ គិតត្រឹមថ្ងៃទី៧ កញ្ញាឆ្នាំ២០២៦ អាជ្ញាធរបានដំឡើងម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងបានជួយសង្គ្រោះស្រូវ ដែលរងការខូចខាតជិត ២០០ហិកតា។ ភូមិព្រៃខ្លុង ដែលជាភូមិមួយក្នុងឃុំវាល កំពុងជួបបញ្ហាគ្រោះរាំងស្ងួត និងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។ កសិករមួយចំនួននៅភូមិព្រៃខ្លុងបានសម្តែងក្តីបារម្ភពីការខាតបង់ទិន្នផលស្រូវ និងខ្វះស្បៀងអាហារដោយសារគ្រោះរាំងស្ងួតនេះ៕
