ថៃថា ទូតខ្មែរនៅបារាំងនិយាយខុសពីការពិតព្រោះអ្នកការទូតថៃសុទ្ធតែមានវិជ្ជាជីវៈត្រឹមត្រូវ
ក្រសួងការបរទេសថៃ បានច្រានចោលការអះអាងរបស់ឯកអគ្គរាជទូតខ្មែរនៅប្រទេសបារាំងដែលថា ថៃព្យាយាមបញ្ចុះបញ្ចូលប្រទេសទី៣ឱ្យជួយរារាំងរដ្ឋាភិបាលកម្ពុជា មិនឱ្យនិយាយពីជម្លោះព្រំដែនជាមួយថៃក្នុងវេទិកាហ្រ្វង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងអត្ថបទចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៥ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសថៃចាត់ទុកពាក្យពេចជ៍របស់ទូតខ្មែរនៅបារាំង ថា ជាការចោទប្រកាន់មិនពិត និងបានការពារភាពស្អាតស្អំរបស់ខ្លួនវិញថា អ្នកការទូតថៃតែងប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈជានិច្ច ដើម្បីការពារ និងលើកតម្កើងផលប្រយោជន៍ជាតិ។
