ក្រសួងការបរទេស៖ កម្ពុជាកំពុងស្នើឲ្យឥណ្ឌូណេស៊ីពន្លឿននីតិវិធីនាំពលរដ្ឋខ្លួនជិត ៥០០នាក់ចេញពីកម្ពុជា
ពលរដ្ឋឥណ្ឌូណេស៊ីយ៉ាងហោច ៤៧៥នាក់កំពុងអំពាវនាវដល់ស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញ និងរដ្ឋាភិបាលទីក្រុងហ្សាកាតាឱ្យជួយសម្រួលដល់ការវិលត្រឡប់របស់ពួកគេទៅមាតុភូមិវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ដោយសារជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ។ បើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី The Star នៅថ្ងៃទី៤កញ្ញា ពលរដ្ឋឥណ្ឌូណេស៊ីជិត ៥០០នាក់នោះ កំពុងត្រូវបានឃុំខ្លួនព្រលានយន្តហោះចាស់ពោធិ៍ចិនតុង។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តដាក់ខ្លាំងលើរឿងនេ ដោយបានស្នើឲ្យស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងភ្នំពេញពិនិត្យលើរឿងនេះ។ ទន្ទឹមនេះ និងបើតាមលោក ចាន់ រតនា ស្ថានទូតខ្មែរនៅទីក្រុងហ្សាកាតាក៏ខ្នះខ្នែងស្នើឲ្យភាគីឥណ្ឌូណេស៊ីពន្លឿននីតិវិធីយកពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសរបស់ខ្លួនវិញដែរ៕
