លោកម៉ាក្រុងផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី១នៅប្រទេសកម្ពុជា ក្នុងអំឡុងហ្វ្រង់កូហ្វូនី
នៅល្ងាចថ្ងៃទី១៤វិច្ឆិកានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ វត្តមានរបស់លោក ម៉ាក្រុង នាពេលនេះ គឺចំពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ នេះគឺជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតរបស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់អតីតប្រធានាធិបតីហ្វ្រង់ស្វ័រ មីតេរ៉ង់ កាលពីឆ្នាំ១៩៩៣ និងអតីតប្រធានាធិបតីបារាំង ហ្សាល ដឺហ្គោល កាលពីឆ្នាំ ១៩៦៦។ តាមគម្រោង លោក ម៉ាក្រុង នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមានជំនួបទ្វេភាគីជាមួយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រៅពីជំនួបទាំងនេះ លោក អេម៉ានុយអែល ម៉ាក្រុង ក៏នឹងអញ្ជើញចូលរួមជាអធិបតីជាមួយព្រះមហាក្សត្រកម្ពុជា ក្នុងព្រះពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប៕#emanuelmacron #Macron #francophonie #Francophonie2026 #អេម៉ានុយអែលម៉ាក្រុង #ហ្វ្រង់កូហ្វូនីកម្ពុជា
