ជម្លោះកុងហ្គោ និងរវ៉ាន់ដាបង្កភាពតានតឹងក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីអង្គការហ្វ្រង់កូហ្វូនី
កិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងមានការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មីសម្រាប់អាណត្តិចំនួន ៤ឆ្នាំ ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣០។ ក្នុងចំណោមបេក្ខជនចំនួន ៤នាក់ មានម្នាក់មកពីប្រទេសកុងហ្គោ មា្នក់មកពីប្រទេសរវ៉ាន់ដា ម្នាក់មកពីប្រទេសរូម៉ានី និងម្នាក់ទៀតមកពីប្រទេសម៉ូរីតានី។ តែអ្វីជាការកត់សម្គាល់ បេក្ខនារីមកពីប្រទេសកុងហ្គោ និងប្រទេសរវ៉ាន់ដាកំពុងប្រជែងកម្លាំងគ្នាយ៉ាងតានតឹង។ ភាពតានតឹងនេះអាចបង្កការរំខានខ្លាំងនៅក្នុងការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មីរបស់អង្គការមួយនេះ។ គួរជ្រាបជូនថា រដ្ឋសមាជិកពេញសិទ្ធិទាំង ៥៣នឹងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មីដោយផ្អែកលើកុងសង់ស៊ុស តែបើគ្មានការឯកភាពជាឯកច្ឆន្ទទេ ការបោះឆ្នោតនឹងត្រូវធ្វើឡើងដោយសម្ងាត់។
