តើការសាងសង់សំណង់សិល្បៈនៅតាមបណ្តាខេត្តឆ្លុះបញ្ចាំងអត្ថន័យយ៉ាងណា?
រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានដាក់សម្ពោធរូបចម្លាក់សត្វបង្កងយក្ស និងអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាកម្សាន្ត ថតរូបអនុស្សាវរីយ៍ ព្រមទាំងបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត។ រូបចម្លាក់សត្វបង្កងនេះ ជាសមិទ្ធផលថ្មីមួយរបស់ខេត្តតាកែវ និងក៏ជាអត្តសញ្ញាណរបស់ខេត្ត ដែលសម្បូរដោយសត្វបង្កងទឹកសាបនេះដែរ។ សំណង់រូបសត្វបង្កងរបស់ខេត្តតាកែវ កើតឡើងបន្ទាប់ពីសំណង់សេះសមុទ្របាញ់ទឹក សំណង់បាតដៃ នៅក្នុងខេត្តកំពត និងសំណង់សិល្បៈ ក្នុងខេត្តមួយចំនួនទៀត។ អ្នកតាមដានសង្គមនានាយល់ឃើញថា ការសង់សំណង់សិល្បៈថ្មីៗ នៅតាមបណ្តាខេត្ត ជាការខិតខំលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស។ តែពួកគេក៏ចង់ឃើញមន្ត្រីរដ្ឋាភិបាលពង្រឹងគុណភាពនៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត ដែលមានចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ដែរ៕
