កុបកម្មប៉ារីស ១៧ តុលា៖ អាជីវករខ្មែរថា មិនមែនជាការលួចធម្មតា តែជាការប្លន់ និងបំផ្លាញ
កុបកម្ម និងបាតុកម្មដ៏ហិង្សានៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ទី ១៧តុលាបានបន្សល់ទុកនូវស្លាកស្នាមគួរឲ្យកត់សំគាល់ ទាំងការខូច ខាតបង់សម្ភារៈ និងផ្លូវចិត្តរបស់ស្រ្តីខ្មែរម្នាក់ ដែលជាម្ចាស់ហាងកាត់សក់នៅម្តុំ Place de la République។ មិនទាន់ងើប រើរួចខ្លួនពីការខាតបង់ដោយសារការវាយសម្រុកចូលលួចរបស់របរក្នុងហាងកាលពីប៉ុន្មានថ្ងៃមុនផង លោកស្រីអៀ វ៉ាណេសាម្ចាស់ហាងកាត់សក់កំពុងបារម្ភពីសុខសុវត្ថិភាព ព្រោះថា នៅថ្ងៃសៅរ៍នេះ បាតុកម្មតវ៉ាអាចផ្ទុះកើតឡើងសាជាថ្មី នៅប៉ារីស។ ទៅតាមការអំពាវនាវរបស់គណបក្សនយោបាយ និងសហជីព នៅចំពោះមុខនយោបាយរឹងត្អឹងរបស់រដ្ឋាភិបាល សិស្សនិស្សិត និងប្រជាជនបារាំងជាទូទៅប្រកាសចុះថ្នល់ធ្វើបាតុកម្ម បើទោះបីជាអាជ្ញាធរព្រមានចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងក្រុមកុបករ និងបាតុករហិង្សា។
