រដ្ឋាភិបាល និងបក្សប្រឆាំងបន្តចេញសារផ្ទុយគ្នាអបអរខួប ៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំកំពូលកម្ពុជា ស្ថាប័នរដ្ឋ អ្នកនយោបាយប្រឆាំង និងគណបក្សក្រៅរដ្ឋាភិបាល បានចេញសារ និងសេចក្តីថ្លែងការណ៍អបអរជាបន្តបន្ទាប់ក្នុងខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រដ្ឋាភិបាលកម្ពុជាចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាបានទេ ផ្ទុយទៅវិញសន្តិភាពរបស់កម្ពុជាបានមកពីនយោបាយឈ្នះៗរបស់លោក ហ៊ុន សែន។ ប៉ុន្តែភាគី អ្នកនយោបាយ និងគណបក្សប្រឆាំងវិញយល់ថា កិច្ចព្រមព្រៀងនេះ គឺជាស្ពាននាំឱ្យកម្ពុជាមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គមជាតិពិតប្រាកដ។
