សហរដ្ឋអាមេរិកបន្តដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទាបបំផុតស្តីពីការជួញដូរមនុស្ស
នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបន្តដាក់កម្ពុជាឱ្យស្ថិតនៅក្នុងចំណាត់ថ្នាក់ Tier 3 ដែលជាចំណាត់ថ្នាក់អន់បំផុតដដែល។ អាមេរិកវាយតម្លៃថា រដ្ឋាភិបាលកម្ពុជានៅតែមិនខំសង្វាតកែលម្អស្ថានភាពជួញដូរមនុស្សឱ្យប្រសើរឡើងទេ និងថា ការអនុវត្តវិធានការច្បាប់របស់កម្ពុជាមិនត្រឹមត្រូវ និងមានអំពើពុករលួយដូចដើម។ បើតាមក្រសួងការបរទេសអាមេរិក ដោយទទួលបានលុយសូកប៉ាន់ពីឧក្រិដ្ឋជន មន្ត្រីអនុវត្តច្បាប់ ទីប្រឹក្សា និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជាមួយចំនួនបានការពារប្រតិបត្តិការរបស់មជ្ឈមណ្ឌលឆបោកអនឡាញ ព្រមទាំងបានគំរាមកំហែងបំបិទមាត់ជនរងគ្រោះ និងសង្គមស៊ីវិលមួយចំនួន។
