សហជីពស្នើឲ្យរោងចក្រផលិតស៊ីម៉ងត៍ពង្រឹងសុវត្ថិភាពការពារកម្មករ ក្រោយកម្មករ ២នាក់បានស្លាប់
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា នឹងសហការជាមួយអាជ្ញាធរនានា ដើម្បីស្នើឲ្យក្រុមហ៊ុនពង្រឹងប្រព័ន្ធសុវត្ថិភាពនៅកន្លែងការងារ។ ការលើកឡើងរបស់មេដឹកនាំសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាដូចនេះ ធ្វើឡើងបន្ទាប់ពីមានកម្មករ ២នាក់ ជួបគ្រោះថ្នាក់ដល់ស្លាប់នៅកន្លែងការងារកាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញ នៅក្នុងរោងចក្រផលិតស៊ីម៉ងត៍ថៃប៊ុនរ៉ុង ស្ថិតនៅក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានហៅការស្លាប់របស់កម្មករទាំងពីរនាក់ ថាជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលទាមទារឲ្យពីអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានតឹងរឹង។
