អ្នកវិភាគ៖ កិច្ចសហការជាមួយអន្តរជាតិក្នុងបទល្មើសស្កេមមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយបានអនុម័តនូវសេចក្តីប្រកាសរួមទីក្រុងភ្នំពេញដែលមាន ១១ចំណុច។ សេចក្តីប្រកាសរួមទីក្រុងភ្នំពេញនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ និងបទល្មើសឆ្លងដែនពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា អំពើឆបោកអនឡាញពុំមែនកើតចេញពីកម្ពុជានោះទេ និងថា កម្ពុជាក៏ជាអ្នករងគ្រោះដែរ។ អ្នកវិភាគនយោបាយ និងកិច្ចការអន្តរជាតិយល់ស្របថា កម្ពុជា គឺជាប្រទេសរងគ្រោះក្នុងអំពើឆបោកអនឡាញ។ ប៉ុន្តែពួកគេយល់ថា កម្ពុជាក៏មានចំណែកទទួលខុសត្រូវដែរ ព្រោះថាមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួនជាអ្នកទទួលបានផលប្រយោជន៍ និងកាងឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ។ មួយវិញទៀត និងបើតាមអ្នកវិភាគ កម្ពុជាត្រូវបង្ហាញឆន្ទៈពិតប្រាកដជាមួយសហគមន៍អន្តរជាតិក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ដោយមិនត្រូវចាត់ទុកការឈឺឆ្អាលរបស់អន្តរជាតិជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
